ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើក “សប្តាហ៍គាំពារសង្គម” ឆ្នាំ២០២៣


ផុសថ្ងៃ: 17-02-2023

Share LinkedIn


នាព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើក “សប្តាហ៍គាំពារសង្គម” ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត  ដែលជាផ្នែកមួយនៃការពង្រឹងយន្តការអភិបាលកិច្ចល្អក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដោយអនុលោមតាមការចង្អុលបង្ហាញរបស់ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” និង “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣” របស់រាជរដ្ឋាភិបាល ដែលការណ៍នេះបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង លើការកសាងប្រព័ន្ធគាំពារសង្គមមួយដែលប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ ដើម្បីបង្កើនជំនឿទុកចិត្តរបស់សាធារណជន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ, ប៉ិនប្រសប់, ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ប្រទេសកម្ពុជាមានសមត្ថភាពគ្រប់គ្រងសភាពការណ៍ទល់នឹងវិបត្តិនានាបានយ៉ាងល្អប្រសើរ  និងបានកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកនៅកម្រិតដែលអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ទាំងក្នុងផ្នែកបច្ចេកទេស និងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់បណ្ណសរសើរជូនតំណាងក្រសួង-ស្ថាប័ន ដែលបានចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា និងសហការក្នុងការដឹកនាំ និងអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមដោយជោគជ័យ និងបណ្ណទទួលស្គាល់ដែលបង្ហាញពីការវាយតម្លៃខ្ពស់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជូនដៃគូអភិវឌ្ឍន៍សំខាន់ក្នុងប្រព័ន្ធគាំពារសង្គម ព្រមទាំងប្រគល់បណ្ណសរសើរជូនសប្បុរសជនដែលជាសមាជិកស្ថាបនិករបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលបានចូលរួមបរិច្ចាគដ៏សំខាន់ និងជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តឱ្យបន្តបរិច្ចាគ  និងដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មលើកកម្ពស់សុខុមាលភាពមាតា និងទារក ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ក៏ជាផ្នែកមួយនៃការផ្ដល់កិច្ចគាំពារសង្គមផងដែរ។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម