ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ សប្ដាហ៍គាំពារសង្គម ២០២៣


ផុសថ្ងៃ: 17-02-2023

Share LinkedIn


កាលពីរសៀលថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ត្រីស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ សប្ដាហ៍គាំពារសង្គម ២០២៣ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ។

ក្នុងនាមក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្នុងនាមឯកឧត្តមផ្ទាល់, ឯកឧត្ដមបានសម្ដែងនូវការកោតសរសើរមន្ត្រីប្រតិបត្តិករនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម និងវិស័យឯកជនទាំងអស់ ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មដោយមិនគិតពីការនឿយហត់ ជាមួយនឹងការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីសម្រេចបាននូវប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ដែលជាយុទ្ធសាស្រ្តអាទិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តកិច្ចសហការជាយុទ្ធសាស្រ្តបន្ថែមទៀត តាមរយៈការកសាងសមត្ថភាពមន្ត្រីប្រតិបត្តិករគ្រប់ប្រភេទ, ការបង្កើននូវយន្តការអនុវត្តជាប្រព័ន្ធឌីជីថលតាមរបកគំហើញនៃបដិវត្តកម្មទំនើប ៤.០, ការៀបចំនូវប្រព័ន្ធកំណត់អត្តសញ្ញាណពហុចម្រុះសង្គម និងការរៀបចំឱ្យមាននូវកម្លាំងសេវាសង្គមមួយដែលមានជំនាញ ដើម្បីឆ្លើយតបនឹងការវិវត្តរីកចម្រើនឥតឈប់ឈររបស់របស់សង្គមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអរគុណ និងកោតសរសើរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវដែលញុំាងឱ្យ សប្តាហ៍គាំពារសង្គម ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានលទ្ធផលល្អតាមការរំពឹងទុក។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម