នៅព្រឹកថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរស្រុកកៀនស្វាយ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង២០០នាក់ដែលជាតំណាងក្រុមគ្រួសារងាយរងហានិភ័យពីសម្ពាធអតិផរណា មកពីបណ្ដាឃុំចំនួន៣ រួមមានឃុំសំរោងធំ, ឃុំបន្ទាយដែក និង ឃុំគគីឃុំ នៃស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏ថា កន្លងមករាជរដ្ឋាភិបាលមិនត្រឹមតែបានខិតខំស្វែងរក និងរក្សាសុខសន្តិភាពជូនពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់រូប ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ ជាក់ស្តែង ដូចជាក្នុងអំឡុងពេលមានជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯក មិនត្រឹមតែបានគិតគូរក្នុងការទប់ស្តាត់មិនឱ្យមានការឆ្លងរីករាលដាលខ្លាំងប៉ុណ្ណោះទេ ថែមទាំងបានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋគោលដៅ រហូតដល់ពេលបច្ចុប្បន្ន ដោយចំណាយថវិការដ្ឋអស់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ដែលសរបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខពលរដ្ឋ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។