ផុសថ្ងៃ: 14-06-2023
Share LinkedInនៅព្រឹកថ្ងៃអង្គារ ១០ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម” នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អង្គទូត, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
ការដាក់ឱ្យដំណើរការនេះ មានគោលបំណងបង្ហាញពី “ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា” ដែលផ្តោតលើដំណោះស្រាយឌីជីថលចំនួន ២ សំខាន់ៗ សម្រាប់គម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គមគឺ ថ្នាលគាំពារសង្គមឌីជីថល និង មូលដ្ឋានទិន្នន័យគាំពារសង្គម។
ថ្នាលគាំពារសង្គមឌីជីថល ជាថ្នាលឌីជីថលរួម ដែលមានលក្ខណៈសមាហរណ និងបានអភិវឌ្ឍឡើងសម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងអត្តសញ្ញាណប្រជាជនគោលដៅ និងអត្ថគាហកក្នុងប្រព័ន្ធគាំពារសង្គម និងមានមុខងារសំខាន់ៗ ដូចជាមុខងារចុះបញ្ជីអត្តសញ្ញាណរួម, មុខងារចុះបញ្ជីទៅក្នុងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម, មុខងារផ្ទៀងអត្តសញ្ញាណ និងសិទ្ធិនៃប្រជាជនគោលដៅ និងអត្ថគាហក, មុខងារធ្វើយថាភូតកម្ម ដោយប្រើប្រាស់ទិន្នន័យជីវមាត្រ, និងមុខងារពិនិត្យ និងតាមដានទិន្នន័យស្ទួន ដោយធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធចុះបញ្ជីនីមួយៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ចំណែក មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ជាមូលដ្ឋានផ្លាស់ប្ដូរទិន្នន័យចុះបញ្ជីគោលមួយដែលមានតួនាទីសំខាន់ ក្នុងការបើកគន្លងអន្តរប្រតិបត្តិការ រវាងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករជំនួយសង្គម និងសន្តិសុខសង្គមទាំងអស់ ដែលអនុញ្ញាតឱ្យមានការធ្វើសមកាលកម្ម, បច្ចុប្បន្នកម្ម, និងផ្លាស់ប្តូរទិន្នន័យជាប្រព័ន្ធអេកូឡូស៊ីរួម ដោយរួមបញ្ចូលនូវទិន្នន័យប្រជាសាស្ត្រ, ជីវមាត្រ, និងស្ថានភាពសង្គម-សេដ្ឋកិច្ច។ មុខងារទិន្នន័យចុះបញ្ជីគាំពារសង្គមនេះ ផ្តល់នូវលេខសម្គាល់គាំពារសង្គមតែមួយគត់ចំនួន ១០ខ្ទង់ ដោយស្វ័យប្រវត្តសម្រាប់ទិន្នន័យអត្តសញ្ញាណនីមួយៗ។
នៅក្នុងឱកាស នៃការដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បាន និងកំពុងបោះជំហានគួរជាទីមោទនៈ និងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងដោយមានការចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីបុរេសកម្មពីសំណាក់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, និងគ្រប់តួអង្គពាក់ព័ន្ធ ដែលកត្តាទាំងនេះបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានសមត្ថភាពគ្រប់គ្រងសភាពការណ៍ទល់នឹងវិបត្តិនានាបានយ៉ាងល្អប្រសើរ និងបានកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ឱ្យស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់នានា ទាំងក្នុងផ្នែកបច្ចេកទេស និងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រកបដោយជោគជ័យ, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់។ ភាពជោគជ័យទាំងនេះ មួយផ្នែកអាស្រ័យលើប្រព័ន្ធឌីជីថល ជាពិសេសរបៀបវារៈគាំពារសង្គមឌីជីថល ដែលបាន និងកំពុងរួមចំណែកជាកាតាលីករយ៉ាងសំខាន់ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនានា ប្រកបដោយបរិយាបន្ន, តម្លាភាព, ប្រសិទ្ធភាព និងទាន់ពេល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ដើម្បីសម្រេចបាននូវគោលដៅនៃការកសាងប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដែលមានភាពសុខដុម ឈរលើអភិក្រមសមាហរណកម្ម, បរិយាបន្ន និងឧត្តមានុវត្តន៍, រាជរដ្ឋាភិបាលបានគិតគូរ និងរៀបចំកសាងប្រព័ន្ធអន្តរប្រតិបត្តិការអេកូឡូស៊ីរួម នៃការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ ក្នុងប្រព័ន្ធគាំពារសង្គមនេះឡើង។
ភ្ជាប់ជាមួយសមិទ្ធិផលដែលសម្រេចបាននេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធ ដែលទទួលបន្ទុកអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលនឹងប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថល និងមូលដ្ឋានទិន្នន័យគាំពារសង្គម ដោយបានគូសបញ្ជាក់ថាកិច្ចសហការ និងអន្តរប្រតិបត្តិការរវាងមនុស្ស ជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបាន ពីព្រោះការធ្វើអន្តរប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សេងៗទៀត និងមិនអាចធ្វើបានឡើយ បើមនុស្សពុំទាន់មានកិច្ចសហការស៊ីចង្វាក់គ្នាជាធ្លុងមួយ និងពុំទាន់មានការចូលរួមអនុវត្តឱ្យបានពេញលេញ និងស្រុះគ្នាប្រកបដោយស្មារតីបុរេសកម្ម។
ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរដ្ឋបាលឃុំសង្កាត់, ដៃគូអភិវឌ្ឍន៍នានា ជាពិសេសមូលនិធិរាជរដ្ឋាភិបាលជប៉ុនសម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការចូលរួមចំណែកគាំទ្រការអភិវឌ្ឍគម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដើម្បីជំរុញប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តឌីជីថលូបនីយកម្មក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជាក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត។