ផុសថ្ងៃ: 26-02-2025
Share LinkedInនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥”។
សប្តាហ៍គាំពារសង្គម ជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគី ពាក់ព័ន្ធ ដើម្បីពិភាក្សា និង ផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និង ឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីប្រទេសផ្សេងៗ, ទាំងក្នុងតំបន់ និង លើសកលលោក, ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គម កម្ពុជា ដល់អ្នកទទួលផល និង សាធារណជន ឲ្យបានជ្រាបកាន់តែច្បាស់ ។
ដោយឡែក, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដំណាក់កាលថ្មីនេះ បានផ្លាស់ប្តូរអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ពីប្រព័ន្ធដែលគាំពារតាមបែបសសរស្តម្ភ មកជាប្រព័ន្ធដែលគាំពារតាមហានិភ័យនៃវដ្តជីវិត (Life-cycle risk approach), ពោលគឺ ផ្តល់ការគាំពារជូនពលរដ្ឋ ចាប់តាំងពីពេលចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយ រហូតដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់គាត់ ។
សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៥ ដែលមានរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្រោមមូលបទ អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាមហានិភ័យនៃវដ្ដជីវិត និង អមដោយការធ្វើបទបង្ហាញគន្លឹះ, កិច្ចពិភាក្សាពេញអង្គ, កិច្ចពិភាក្សាតាមក្រុម, និង ការប្រកួតតស៊ូមតិរបស់យុវជន លើប្រធានបទពាក់ព័ន្ធ ដោយមានការចូលរួមពីគណៈអធិបតី, ភ្ញៀវកិត្តិយស ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ, តំណាងស្ថាប័នស្រាវជ្រាវ, សិស្ស-និស្សិត និង អ្នកទទួលផល, សរុបចំនួនប្រមាណ ១ ០០០ នាក់, ទាំងអ្នកចូលរួមដោយផ្ទាល់នៅទីនេះ និង អ្នកចូលរួមតាមរយៈប្រព័ន្ធប្រជុំអនឡាញ ។