ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម


ផុសថ្ងៃ: 04-02-2021

Share LinkedIn


នាព្រឹកថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈសំខាន់ៗ រួមមាន៖
 
១. សេចក្តីព្រាងអនុក្រឹត្យស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ៖ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការ ។ សេចក្តីព្រាងអនុក្រឹត្យនេះ មានគោលបំណងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងជាអនុក្រឹត្យគោលមួយសម្រាប់ដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត ។
 
២. វឌ្ឍនភាពនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ។ គិតត្រឹមខែមករា ឆ្នាំ២០២១ នេះ, មានគ្រួសារក្រីក្រសរុបចំនួន ៧១០ ៩២៩ បានទទួលប្រាក់ឧបត្ថម្ភ ក្នុងនោះ ទីប្រជុំជនក្នុងរាជធានីភ្នំពេញមានចំនួន ៦ ៤២១ គ្រួសារ, ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញមានចំនួន ៣២ ៦៩៣ គ្រួសារ និងជនបទមានចំនួន ៦៧១ ៨១៥ គ្រួសារ ដែលគិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានប្រជាជនចំនួនប្រមាណ ២,៨ លាននាក់ នៅទូទាំងប្រទេស បានទទួលផលពីកម្មវិធីឧបត្ថម្ភសាច់បា្រក់នេះ។ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសេនេះ រហូតដល់ខែមីនា ឆ្នាំ ២០២១ ដោយបន្តតាមដាន និងសិក្សាអំពីការវិវឌ្ឍនៃស្ថានភាពការរីករាលដាល និងផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចគោលនយោយបាយពាក់ព័ន្ធនឹងការបន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ និងធានាបានថាគ្រួសារក្រីក្រ និងងាយរងគ្រោះ បន្តទទួលបាននូវកិច្ចគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេស ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
 
អង្គប្រជុំបានផ្ដល់យោបល់ និងណែនាំបន្ថែម ដើម្បីធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ ប្រសើរឡើង, ឆ្លើយតប ទៅនឹងគោលដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ការគាំពារប្រកបដោយប្រសិទ្ធភាព និងចីរភាព ដល់កម្មករនិយោជិត មុននឹងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ពាក់ព័ន្ធនឹងរបៀបវារៈទី ២, អង្គប្រជុំបានផ្ដល់ការណែនាំអំពីជម្រើសជា យុទ្ធសាស្ត្រ ដែលអាច នឹងអនុវត្ត ក្រោយពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់កម្មវិធីជំនួយសង្គមពិសេសនេះ នាពេលណាមួយ ក្នុងគោលដៅ បន្តផ្ដល់ការគាំពារគ្រួសារក្រីក្រ ប្រជាជនងាយរងគ្រោះ ចៀសវាងការបាត់បង់អត្ថប្រយោជន៍គាំពារសង្គម ក៏ដូចជាការបន្ត គិតគូរដាក់ឱ្យអនុវត្តកម្មវិធីជាតិដទៃទៀត ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។ អង្គប្រជុំក៏បានពិភាក្សា និងផ្ដល់ទិសដៅសម្រាប់ការគិតគូរពង្រឹងការផ្ដល់សេវាថែទាំសុខភាព ក៏ដូចជាការរៀបចំរបបសោធនសម្រាប់វិស័យសាធារណៈដែលអាចឆ្លើយតបបាននឹងគោលការណ៍ដែលអាចអនុវត្ត បានប្រសើរ មានប្រសិទ្ធភាពថវិកា និងធានាបាននូវចីរភាព។
 

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៩៨ ៣០៣ ៨៥០

     (+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម