ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ដឹកនាំក្រុមការងារបច្ចេកទេសរៀបចំ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” ជួបប្រជុំជាបន្តបន្ទាប់ជាមួយប្រធានក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីទទួលអនុសាសន៍ និងធាតុចូលបន្ថែម


ផុសថ្ងៃ: 30-04-2023

Share LinkedIn


បន្ទាប់ពីទទួលបានការអនុញ្ញាត និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្នុងនាមជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេសរៀបចំ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” បានដឹកនាំក្រុមការងារបច្ចេកទេសប្រចាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជួបប្រជុំជាបន្តបន្ទាប់ជាមួយប្រធានក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដើម្បីទទួលយកអនុសាសន៍ និងធាតុចូលបន្ថែមពាក់ព័ន្ធនឹងការរៀបចំធ្វើបច្ចុប្បន្នភាពក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្ពោះទៅ២០៣០។
ប្រធានក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗដែលបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រួមមានឯកឧត្តមសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា, លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ង៉ាន់ ចំរើន ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ឯកឧត្តម ជា សំណាង អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្តមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ, ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា,និងឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានមានប្រសាសន៍ថា យុទ្ធនាការប្រមូលធាតុចូលជុំដំបូង ពីប្រធានក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅពេលនេះ ជាយុទ្ធនាការដ៏មានសារៈសំខាន់មួយសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងពេញលេញ និងមានភាពឆ្លើយឆ្លងគ្នារវាងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមក្នុងការគាំពារពលរដ្ឋតាមវដ្តនៃជីវិតស្របតាមចក្ខុវិស័យរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។
តាមរយៈជំនួបជាបន្តបន្ទាប់នេះ, ប្រធានក្រសួង-ស្ថាប័នពាក់ព័ន្ធបានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមធ្វើការធ្វើបច្ចុប្បន្នភាពនេះ និងបានផ្ដល់ធាតុចូល និងអនុសាសន៍សំខាន់ៗពាក់ព័ន្ធនឹងរបប និងកម្មវិធីនានាក្នុងប្រពន្ធគាំពារសង្គម ដែលក្រសួង-ស្ថាប័ននីមួយៗ បាន និងកំពុងដឹកនាំអនុវត្ត ក៏ដូចជាផ្នែកពាក់ព័ន្ធដ៏ទៃទៀតក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមមួយដែលមានសុខដុមនីយកម្ម បរិយាបន្ន និងភាពជាម្ចាស់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការឆ្ពោះទៅកិច្ចគាំពារសង្គមសម្រាប់គ្រប់ៗគ្នានាពេលអនាគត។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា ការធ្វើវាយតម្លៃពាក់កណ្តាលអាណត្តិលើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ នេះ មានគោលបំណងឆ្លើយតបនឹងការវិវត្ត និងបត់បែនទៅតាមស្ថានភាពជាក់ស្តែង នៃការអភិវឌ្ឍរបស់ប្រទេសជាតិ និងស្ថានភាពរស់នៅរបស់ពលរដ្ឋកម្ពុជា ក្រោម ម្លប់នៃសុខសន្តិភាព ដែលនាំមកជូនប្រទេសជាតិ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ និងប្រាដកនិយមរបស់អគ្គមគ្គុទ្ទេសក៍ឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស ជាស្ថាប័នជាតិមួយដែលសមាសភាពមកពីក្រសួង-ស្ថាប័នចំនួន១២ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ, ក្រសួងអប់រំ យុវជន និងកីឡា, ទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងមុខងារសាធារណៈ, ក្រសួងកិច្ចការនារី, ក្រសួងផែនការ, ក្រសួងមហាផ្ទៃ, និងក្រសួងការពារជាតិ។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម