ប្រព័ន្ធសន្តិសុខសង្គម
ក្នុងខណៈដែលប្រព័ន្ធជំនួយសង្គម គឺជាយន្តការផ្តល់ការទ្រទ្រង់ឧបត្ថម្ភដោយផ្ទាល់ ឬដោយប្រយោលចំពោះប្រជាជនក្រីក្រនិងងាយរងគ្រោះ ដែលជាធម្មតាត្រូវប្រើប្រាស់ហិរញ្ញប្បទានថវិកាជាតិ និង/ឬជំនួយអភិវឌ្ឍន៍ផ្លូវការ ប្រព័ន្ធសន្តិសុខសង្គមបង្កើតនូវយន្តការមានលក្ខណៈ “កាតព្វកិច្ច” និង “ខ្លួនទីពឹងខ្លួន” ដែលលើកទឹកចិត្តនិងជំរុញឲ្យប្រជាជនស្វែងរកការគាំពារចំពោះមុខហានិភ័យ ដែលអាចផ្តល់ផលប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខប្រាក់ចំណូលរបស់ខ្លួន ដោយសារ ការឈឺថ្កាត់ មាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ពិការភាព ជរាភាព និងមរណភាព ជាដើម។
ប្រព័ន្ធសន្តិសុខសង្គម គឺជាប្រព័ន្ធបង់ភាគទាន ដែលទាមទារឲ្យមានការចូលរួមពីសំណាក់និយោជិត និងនិយោជក ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន និងពីនិវត្តជន ព្រមទាំង ប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលនឹងរ៉ាប់រងលើការបង់ភាគទានជំនួសប្រជាជនក្រីក្រងាយរងគ្រោះ និងក្រុមប្រជាជនគោលដៅផ្សេងទៀត ដែលរាជរដ្ឋាភិបាលយល់ថាចាំបាច់ដើម្បីលើកកម្ពស់ជីវភាពជនទាំងនោះទៅតាមលទ្ធភាពនៃការទ្រទ្រង់បាននៃថវិកាជាតិ។
ការរ៉ាប់រងលើការបង់ភាគទានជំនួសទាំងស្រុងឬមួយភាគ ត្រូវអនុវត្តដោយផ្អែកលើលក្ខខណ្ឌសមស្រប និងច្បាស់លាស់ ដើម្បីជៀសវាងការកើតឡើងនូវ “ហានិភ័យចិត្តសាស្រ្ត” (Moral hazard) ដែលមិនលើកទឹកចិត្តដល់ប្រជាជនឲ្យមានការសន្សំសម្រាប់គាំពារហានិភ័យជាយថាហេតុ និង/ឬដែលអាចមានផលប៉ះពាល់ជាអវិជ្ជមានទៅលើផលិតភាពការងារ។
ដោយផ្អែកលើហេតុផលនេះ ក៏ដូចជាកត្តាសំខាន់ដទៃទៀតនៅរយៈកាលវែងទៅអនាគត និងនៅពេលលក្ខខណ្ឌសេដ្ឋកិច្ច-សង្គមសមស្រប រាជរដ្ឋាភិបាលនឹងដកខ្លួនបន្តិចម្តងៗពីការធ្វើហិរញ្ញប្បទានរបបសន្តិសុខសង្គមជាក់លាក់មួយចំនួន។ ដូចនេះ ប្រព័ន្ធសន្តិសុខសង្គមត្រូវពឹងផ្អែកលើប្រភពហិរញ្ញប្បទានពីការបង់ភាគទាន ព្រមទាំង ចំណូលពីការវិនិយោគធនធានហិរញ្ញវត្ថុដែលត្រូវបានប្រមូលផ្តុំនោះ។
យុទ្ធសាស្ត្រ និងគោលដៅអនាគតក្នុងការពង្រឹងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសសង្គម ត្រូវបានបែងចែកទៅតាមផ្នែកចំនួន ៥ ដូចខាងក្រោម៖
១. សោធន
ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រព័ន្ធសោធននៅកម្ពុជា គឺការសម្រេចបាននូវប្រព័ន្ធសោធនដែលមានការគ្របដណ្តប់ជាសកល។ ប្រព័ន្ធនេះ មានគោលបំណងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវយន្តការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យចំពោះប្រជាជនដែលចូលរួមក្នុងរបបសោធនកាតព្វកិច្ច និងស្ម័គ្រចិត្ត និងការកាត់បន្ថយជាអតិបរមានូវការធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រនៅពេលចាស់ជរា ចំពោះប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលកំពុងដំណើរការកំណែទម្រង់ប្រព័ន្ធសោធនឲ្យមានលក្ខណៈប្រមូលផ្តុំ ដោយឈរលើគោលការណ៍បីគឺ៖ ភាពដែលអាចទ្រទ្រង់បាន សក្តិសិទ្ធិភាព និងចីរភាព។
១.១. ក្របខ័ណ្ឌស្ថាប័ន
ក. ការធ្វើឲ្យមានសង្គតិភាពរវាងរបបសោធនសាធារណៈ
នៅដំណាក់កាលចំពោះមុខ រាជរដ្ឋាភិបាលនឹងរៀបចំគោលការណ៍ណែនាំដើម្បីកំណត់អំពីយន្តការក្នុងការគិតគូរប្រាក់សោធនសម្រាប់មន្ត្រីនៃវិស័យសាធារណៈឡើងវិញ ដើម្បីកាត់បន្ថយជាបណ្តើរៗនូវគម្លាតរវាងការទទួលបានប្រាក់សោធនរបស់មន្ត្រីសាធារណៈ។ យន្តការអចិន្ត្រៃយ៍ដើម្បីកំណត់អំពីការធ្វើឲ្យមានសង្គតិភាពរវាងតាវកាលិកនៃរបបសោធនសាធារណៈនេះ នឹងត្រូវចែងនៅក្នុងច្បាប់ស្តីពីប្រព័ន្ធគាំពារសង្គម ដែលច្បាប់នេះទាមទារឲ្យមានការសិក្សាល្អិតល្អន់ និងពេលវេលាច្រើនសម្រាប់ការរៀបចំ។
ខ. ការធ្វើឯកភាពវូបនីយកម្មរបបសោធនដែលមានស្រាប់
ការគ្រប់គ្រង និងដាក់ដំណើរការរបបសោធនទាំងឡាយរបស់ស្ថាប័នផ្សេងគ្នាគឺជាឧបសគ្គដល់ការអភិវឌ្ឍវិជ្ជាជីវៈឯកទេស និងជាបញ្ហាប្រឈមចំពោះប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការផ្តល់សេវាក្នុងចំណាយទាប។ ដូច្នេះ ដើម្បីធ្វើឲ្យមានសង្គតិភាពរវាងតាវកាលិកនៃសមាជិកគោលដៅនីមួយៗ សំដៅបង្កើនប្រសិទ្ធភាពនៃចំណាយថវិកា និងដើម្បីប្រមូលផ្តុំសមត្ថភាពជំនាញឲ្យធ្វើការចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលនឹងធ្វើសមាហរណកម្មរបបសោធនដែលមានស្រាប់ឲ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងតែមួយ ព្រមទាំង ពង្រីកវិសាលភាពឲ្យគ្របដណ្តប់មន្ត្រីរាជការទាំងអស់ រួមទាំងមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ និងមន្ត្រីនៃស្ថាប័នសាធារណៈផ្សេងទៀត។
គ. ការរៀបចំប្រព័ន្ធចាកចេញពីការងារដោយស្ម័គ្រចិត្តសម្រាប់មន្រ្តីរាជការ
រាជរដ្ឋាភិបាលនឹងរៀបចំប្រព័ន្ធចាកចេញពីការងារ ដែលអនុញ្ញាតឲ្យមន្រ្តីរាជការអាចចាកចេញពីការងារដោយបញ្ញត្តិច្បាប់ ដើម្បីជាប្រយោជន៍ដល់មន្រ្តីដែលចង់ចាកចេញពីក្របខ័ណ្ឌរដ្ឋ ដោយហេតុបានបំពេញការងារយូរ លក្ខខណ្ឌអាយុច្រើន ស្ថានភាពគ្រួសារ សុខភាព ឬសមត្ថភាពមិនសមស្របនឹងការតម្រូវនៃមុខតំណែងការងារ។ ទន្ទឹមនេះ ប្រព័ន្ធចាកចេញពីការងារនឹងបង្កើតនូវកាលានុវត្តភាពការងារដល់យុវជនដែលមានសមត្ថភាពសមស្របសម្រាប់ការងារ។ ការរៀបចំប្រព័ន្ធចាកចេញពីការងារសម្រាប់មន្រ្តីរាជការ ទាមទារឲ្យមានការគិតគូរច្បាស់លាស់អំពីលក្ខខណ្ឌ អត្ថប្រយោជន៍ ឬការឧបត្ថម្ភផ្សេងៗសម្រាប់ជាការគាំទ្រ ដល់មន្រ្តីរាជការដែលជ្រើសរើសប្រព័ន្ធនេះ។
ឃ. ការដាក់ឲ្យដំណើរការរបបសោធនសម្រាប់កម្មករនិយោជិត
ក្រៅពីការកែទម្រង់របបសោធនសាធារណៈ រាជរដ្ឋាភិបាលនឹងសិក្សាអំពីលទ្ធភាពក្នុងការរៀបចំដាក់ឲ្យដំណើរការរបបសោធនសម្រាប់កម្មករនិយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ របបនេះនឹងត្រូវធ្វើសមាហរណកម្មឲ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងរួម និងមានសង្គតិភាពជាមួយរបបសោធនសាធារណៈ។ រាជរដ្ឋាភិបាលនឹងធ្វើការប្រឹក្សាយោបល់ជាមួយតំណាងនិយោជក និងតំណាងនិយោជិត ដើម្បីកំណត់អត្រាភាគទាន និងតាវកាលិកឲ្យមានលក្ខណៈសមស្រប និងអាចទទួលយកបាន។
ង. ការដាក់ឲ្យដំណើរការរបបសោធនសម្រាប់ប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនក្រីក្រ
ដើម្បីសម្រេចនូវគោលបំណងខាងលើ ពោលគឺការផ្តល់នូវយន្តការការពារសម្រាប់ពេលចាស់ជរាជូនប្រជាជនគ្រប់រូប រាជរដ្ឋាភិបាលនឹងសិក្សាអំពីលទ្ធភាពក្នុងការដាក់ឲ្យដំណើរការរបបសោធនសម្រាប់ប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមិនចាត់ចូលក្នុងក្រុមប្រជាជនក្រីក្រនិងងាយរងគ្រោះ រួមមាន អាជីវករលក់ដូរ និងប្រជាជនដែលស្ថិតក្នុងស្វ័យកម្មភាព ជាដើម។ បទពិសោធន៍អន្តរជាតិជាទូទៅបង្ហាញថា ការដាក់ឲ្យដំណើរការរបបសោធនសម្រាប់ក្រុមគោលដៅនេះ មានបញ្ហាប្រឈមច្រើនដោយសារផលវិបាកនៃការកំណត់អត្តសញ្ញាណ និងប្រភពចំណូលរបស់បុគ្គលទាំងនោះ ដែលនាំឲ្យពិបាកក្នុងការកំណត់មូលដ្ឋានសម្រាប់ការបង់ភាគទាន។
ការដាក់ឲ្យដំណើរការរបបសោធននេះត្រូវធ្វើឡើងដោយសន្សឹមៗ តាមរយៈការជំរុញឲ្យចូលរួមដោយស្ម័គ្រចិត្តជាមុន មុននឹងបង្វែរទៅជារបបកាតព្វកិច្ចនៅពេលក្រោយ ដោយផ្អែកលើបុរេលក្ខខណ្ឌមួយចំនួនដូចជា ការកំណត់អត្តសញ្ញាណ ការយល់ដឹងអំពីអត្ថប្រយោជន៍នៃរបបសោធន ព្រមទាំង ភាពចាស់ទុំ និងសមត្ថភាពក្នុងការគ្រប់គ្រងរបបសោធនប្រកបដោយវិជ្ជាជីវៈ និងតម្លាភាពរបស់ស្ថាប័នប្រតិបត្តិករផងដែរ។ ការដាក់ឲ្យអនុវត្តប្រព័ន្ធបង់ភាគទានថេរ (Flat-rate) អាចជាជម្រើសមួយសម្រាប់របបសោធនប្រភេទនេះ។
ច. ការដាក់ឲ្យដំណើរការរបបសោធនឯកជនស្ម័គ្រចិត្ត
ដើម្បីផ្តល់ជម្រើសក្នុងការសន្សំរយៈពេលវែង ឲ្យសមស្របទៅតាមលទ្ធភាពរបស់ប្រជាជនដែលមានចំណូលមធ្យមនិងខ្ពស់ រាជរដ្ឋាភិបាលនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេស គឺក្របខ័ណ្ឌគតិយុត្តិដើម្បីអនុញ្ញាតឲ្យរបបសោធនឯកជនស្ម័គ្រចិត្ត ដែលគ្រប់គ្រងដោយគ្រឹះស្ថានហិរញ្ញវត្ថុអាចដំណើរការទៅបាន។ របបសោធនឯកជនស្ម័គ្រចិត្តគឺជាសសរស្តម្ភទី៣នៃប្រព័ន្ធសោធនទូទៅដែលត្រូវបានអភិវឌ្ឍដោយធនាគារពិភពលោក ដែលមានមុខងារបំពេញបន្ថែមទៅលើសោធនកាតព្វកិច្ច ដែលផ្តល់ត្រឹមតែយន្តការសន្សំកម្រិតមូលដ្ឋានប៉ុណ្ណោះ។
ឆ. ការសម្រួលសមាជិកភាព
គម្រោងសោធនទាំងអស់ នឹងធានារយៈពេលយោងនៃអតីតភាពដែលបានបង់ភាគទាន និងសង្គតិភាពតាវកាលិក នៅពេលដែលមានការប្ដូរសមាជិកភាពពីក្រុមគោលដៅមួយទៅក្រុមគោលដៅមួយ។ ឧទាហរណ៍៖ ការផ្លាស់ប្ដូរពីរបបសោធនសម្រាប់ប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលទៅក្នុងរបបសោធនមន្ត្រីសាធារណៈ ឬការចូលទៅក្នុងរបបសោធនកម្មករនិយោជិត ឬប្ដូរទៅវិញទៅមក ។
១.២. ក្របខ័ណ្ឌហិរញ្ញវត្ថុ
បម្រែបម្រួលនៃកត្តាប្រជាសាស្ត្រ និងនិន្នាការនៃការកើនឡើងជាបន្តបន្ទាប់នៃប្រាក់បៀវត្សរបស់មន្ត្រីសាធារណៈ បានបង្ហាញឲ្យឃើញពីសក្តានុពលនៃការកើនឡើងយ៉ាងគំហុកនៃចំណាយថវិការដ្ឋដើម្បីទ្រទ្រង់របបសោធនសាធារណៈសម្រាប់រយៈពេលមធ្យម និងវែងខាងមុខ។ ដូច្នេះ ដើម្បីរក្សាបាននូវភាពទ្រទ្រង់បាននៃថវិការដ្ឋ រាជរដ្ឋាភិបាលនឹងធ្វើការកែទម្រង់យន្តការហិរញ្ញប្បទានសម្រាប់ទ្រទ្រង់របបសោធនសាធារណៈ ពីប្រព័ន្ធដែលពឹងផ្អែកលើថវិការដ្ឋតាមយន្តការទូទាត់តាមដំណើរទៅជាប្រព័ន្ធផ្អែកលើការបង់ភាគទានវិញ។ ប្រព័ន្ធនេះនឹងតម្រូវឲ្យមន្ត្រីរាជការចូលរួមបង់ភាគទានចូលទៅក្នុងមូលនិធិរួម។ ទោះយ៉ាងណា ការតម្រូវឲ្យបង់ភាគទានចូលរបបសោធននេះត្រូវធ្វើឡើងក្នុងរូបភាពដែលមិនប៉ះពាល់ដល់កម្រិតប្រាក់បៀវត្សបច្ចុប្បន្នរបស់មន្ត្រីសាធារណៈ។
មុននឹងដាក់ឲ្យអនុវត្តការប្រមូលភាគទានពីមន្ត្រីសាធារណៈ រាជរដ្ឋាភិបាលនឹងធ្វើការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់អំពីលក្ខខណ្ឌបច្ចេកទេសទាំងឡាយនៃប្រព័ន្ធសោធនផ្អែកលើការបង់ភាគទាន រួមទាំងអំពីលក្ខខណ្ឌនៃក្រុមមន្ត្រីសាធារណៈ ដែលត្រូវបង់ភាគទាន ឬត្រូវបានលើកលែង ដោយផ្អែកលើ អតីតភាពការងារ កម្រិតអាយុចូលនិវត្តន៍ និងកម្រិតនៃប្រាក់បៀវត្ស។ ការសិក្សាក៏ចាំបាច់ត្រូវពិនិត្យឡើងវិញផងដែរអំពីកម្រិតនៃអាយុចូលនិវត្តន៍ ដែលជាកត្តាដ៏សំខាន់មួយចំពោះផលិតភាពការងារ និងចីរភាពហិរញ្ញវត្ថុនៃប្រព័ន្ធសោធន។
អនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បានកំណត់តែអត្រាភាគទានរួមសម្រាប់របបសន្តិសុខសង្គមទាំងអស់រួមមាន៖ របបសោធន ការបាត់បង់សម្បទាវិជ្ជាជីវៈ គ្រោះថ្នាក់ការងារ មាតុភាព មរណភាព និងអ្នកនៅក្នុងបន្ទុក។ ដោយសារតែរបបសោធនសាធារណៈទាំងអស់នឹងត្រូវធ្វើសមាហរណកម្មឲ្យទៅជារបបរួមមួយ នោះការកំណត់អត្រាភាគទានសម្រាប់របបនីមួយៗនឹងត្រូវគិតគូរឡើងវិញ ក្នុងគោលបំណងរក្សាបានតុល្យភាពរវាងប្រាក់ចំណូលរបស់មន្ត្រីសាធារណៈ និងលទ្ធភាពទ្រទ្រង់របស់ថវិកាជាតិ ព្រមទាំង រៀបចំឲ្យមានសង្គតិភាពរវាងសមាជិកគោលដៅទាំងអស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងពិនិត្យឡើងវិញលើអត្រាភាគទានដែលបានចែងក្នុងអនុក្រឹត្យខាងលើ ។
បទពិសោធន៍របស់បណ្តាប្រទេសមួយចំនួន បានបង្ហាញឲ្យឃើញពីទំនោរក្នុងការផ្លាស់ប្តូរពីរបបសោធនប្រភេទកំណត់តាវកាលិកជាមុន (Defined BenefitP1FP1FPP) ទៅជារបបសោធនប្រភេទកំណត់ភាគទានជាមុន (Defined ContributionP2FP2FPP) ដើម្បីដោះខ្លួនចេញពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរដែលប្រទេសជាច្រើនកំពុងជួបប្រទះ។ បម្រែបម្រួលនៃកត្តាប្រជាសាស្ត្រ គឺជាហេតុផលចម្បងដែលនាំឲ្យមាននិន្នាការផ្លាស់ប្តូរនេះ។ ការធានាជាមុននូវតាវកាលិករបស់គម្រោងសោធនប្រភេទកំណត់តាវកាលិកជាមុនបង្ហាញអំពីហានិភ័យដែលអាចនឹងមានផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុនៃមូលនិធិសោធន និងចុងក្រោយធ្លាក់ជាបន្ទុកដ៏ធ្ងន់ធ្ងរមកលើថវិកាជាតិ។ ដូច្នេះ ដើម្បីជៀសវាងនូវបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនឹងធ្វើការសិក្សាឲ្យបានល្អិតល្អន់អំពីប្រភេទនៃរបបសោធន ដែលសក្តិសមទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ លទ្ធផលនៃការសិក្សានេះ គឺជាទុនដ៏សំខាន់ក្នុងការជ្រើសរើសយកប្រភេទនៃរបបសោធនណាមួយ ដែលសមស្របទៅតាមបរិបទកម្ពុជា ។
១.៣. ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ
ដើម្បីធានាឲ្យបាននូវការគ្រប់គ្រង និងចាត់ចែងរបបសោធនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព រាជរដ្ឋាភិបាលនឹងរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យ និងដាក់ឲ្យដំណើរការរបបសោធនសាធារណៈទាំងអស់ ដែលជាផ្នែកមួយនៃច្បាប់ស្តីពីប្រព័ន្ធគាំពារសង្គមដែលនឹងត្រូវរៀបចំនៅពេលខាងមុខ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏នឹងរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់គ្រប់គ្រង និងដាក់ឲ្យដំណើរការប្រព័ន្ធសោធនឯកជនស្ម័គ្រចិត្ត នៅក្នុងក្របខ័ណ្ឌដោយឡែកពីច្បាប់ស្តីពីប្រព័ន្ធគាំពារសង្គម។
ក្របខ័ណ្ឌគតិយុត្តិទាំងនេះ នឹងកំណត់យ៉ាងច្បាស់លាស់អំពីគោលការណ៍គ្រឹះនៃការគ្រប់គ្រង និងចាត់ចែងមូលនិធិសោធន ក្នុងគោលបំណង (១) ផ្តល់ការការពារចំពោះសមាជិកនៃរបបសោធន និង (២) លើកកម្ពស់អភិបាលកិច្ចនៃរបបសោធន។ មូលនិធិសោធន គឺជាមូលនិធិបរធនបាលកិច្ច មួយប្រភេទដែលមិនអាចយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងក្រៅពីការយកទៅធ្វើការវិនិយោគ ដើម្បីបម្រើឲ្យផលប្រយោជន៍របស់សមាជិកនៃមូលនិធិសោធនបានឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ដើម្បីធានាបាននូវគោលការណ៍នេះ ក្របខ័ណ្ឌគតិយុត្តិត្រូវកំណត់ផងដែរអំពីមុខងាររបស់តួអង្គនីមួយៗនៃប្រតិបត្តិការសោធនរួមមាន៖ បរធនបាលទាយក ស្ថាប័នគ្រប់គ្រងការវិនិយោគ ស្ថាប័នគ្រប់គ្រងបញ្ជិកា និងធនាគារគ្រប់គ្រងទ្រព្យសកម្ម ជាដើម។
២. ការថែទាំសុខភាព
អនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) របស់អង្គការសហប្រជាជាតិ កម្ពុជាមានចក្ខុវិស័យក្នុងការបោះជំហានទៅរកប្រព័ន្ធថែទាំសុខភាពសកល ដូចបណ្តាប្រទេសនានាលើសកលលោក។ គោលបំណងនៃចក្ខុវិស័យនេះ គឺដើម្បីរក្សាបាននូវសាមគ្គីភាពសង្គម តាមរយៈការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវសេវាសុខាភិបាលប្រកបដោយគុណភាព និងអាចទ្រទ្រង់បាន។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលការណ៍បួន សម្រាប់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ និងកំណែទម្រង់ប្រព័ន្ធថែទាំសុខភាពសង្គមនេះគឺ (១) អភិបាលកិច្ចល្អ (២) ប្រសិទ្ធភាពខ្ពស់នៃចំណាយ (៣) គណនេយ្យភាព និង (៤) ចីរភាពហិរញ្ញវត្ថុ។
២.១ ក្របខ័ណ្ឌស្ថាប័ន
ក. ការដាក់ឲ្យដំណើរការរបបថែទាំសុខភាពសម្រាប់កម្មករនិយោជិត
រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យដំណើរការរបបថែទាំសុខភាពសម្រាប់កម្មករនិយោជិត តាម រយៈការចេញអនុក្រឹត្យលេខ ០១ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បន្ថែមលើរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារដែលមានស្រាប់។ របបនេះ នឹងផ្តល់ជូនកម្មករនិយោជិតនូវសេវាថែទាំសុខភាពទូទៅ រួមមាន ការថែទាំ និងព្យាបាលជំងឺ ប្រាក់លំហែមាតុភាព ព្រមទាំងផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ការឈប់សម្រាកព្យាបាលជំងឺផងដែរ។
ខ. ការដាក់ឲ្យដំណើរការរបបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ
រាជរដ្ឋាភិបាលនឹងរៀបចំដាក់ឲ្យដំណើរការរបបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ ដែលមានសង្គតិភាពទៅនឹងរបបថែទាំសុខភាពសម្រាប់កម្មករនិយោជិត។ ការដាក់ឲ្យដំណើរការរបបនេះ ត្រូវមានការត្រៀមលក្ខណៈគ្រប់គ្រាន់លើទិដ្ឋភាពចាំបាច់ទាំងឡាយ មានជាអាទិ៍ ទិដ្ឋភាពបច្ចេកទេសនៃការកំណត់និងប្រមូលភាគទាន ការផ្តល់សេវា ការទូទាត់ និងក្របខ័ណ្ឌច្បាប់។ ប្រព័ន្ធថែទាំសុខភាពត្រូវដំណើរការតាមយន្តការ “អ្នកទូទាត់តែមួយ (Single Payer)” ដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយចំណាយរដ្ឋបាល និងធានាសមធម៌ក្នុងប្រព័ន្ធ។ ក្នុងបរិការណ៍នេះ ប.ស.ស ដែលជាស្ថាប័នមានជំនាញ និងមានបទពិសោធន៍ គឺជាស្ថាប័នមានសក្តានុពលក្នុងការពង្រីកវិសាលភាពការងារដើម្បីគ្រប់គ្រង និងចាត់ចែងរបបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ ដោយផ្អែកលើមូលដ្ឋាននៃការពង្រឹងសមត្ថភាពបន្តបន្ទាប់ទៀត ដើម្បីអាចទទួលភារកិច្ចបន្ថែមប្រកបដោយប្រសិទ្ធភាព។
របបនេះ នឹងគ្របដណ្តប់ទាំងមន្ត្រីសាធារណៈ និវត្តជននិងអតីតយុទ្ធជន ព្រមទាំង អ្នកនៅក្នុងបន្ទុកផងដែរ ដែលដំណាក់កាលនៃការពង្រីកវិសាលភាពឲ្យគ្របដណ្តប់ក្រុមគោលដៅនីមួយៗ នឹងត្រូវធ្វើឡើងដោយផ្អែកលើទិដ្ឋភាពពីរសំខាន់គឺ ភាពទ្រទ្រង់បាននៃថវិកាជាតិ និងសមត្ថភាពក្នុងការទ្រទ្រង់បាននៃសេវាសុខាភិបាលរបស់មូលដ្ឋានសុខាភិបាល។
គ. ការបង្កើនគុណភាពសុខាភិបាល
រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់បន្ថែមទៀត លើការលើកកម្ពស់គុណភាពនៃសេវាសុខាភិបាលរបស់មូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងឯកជន ដែលអាចដើរទន្ទឹមគ្នាជាមួយនឹងបណ្តាប្រទេសជិតខាង។ គោលដៅនេះ រាជរដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការប្រព័ន្ធទទួលស្គាល់គុណភាព (Accreditation System) ដែលជាយន្តការដើម្បីធានាគុណភាពរបស់មូលដ្ឋានសុខាភិបាល ទាំងរបស់រដ្ឋ និងឯកជន។ ការបង្កើនគុណភាពសុខាភិបាល មានសារៈសំខាន់ណាស់ក្នុងការកសាងជំនឿទុកចិត្តសាធារណជនមកលើប្រព័ន្ធថែទាំសុខភាពទាំងមូល។ កត្តានេះ នឹងជំរុញឲ្យមានការចូលរួមកាន់តែច្រើនរបស់ប្រជាជន ជាពិសេស ផ្តល់នូវផលវិជ្ជមាននៅពេលដែលរាជរដ្ឋាភិបាលដាក់ឲ្យដំណើរការរបបថែទាំសុខភាពសម្រាប់ប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឃ. ការលើកកម្ពស់ការយល់ដឹងអំពីការថែទាំ និងការការពារសុខភាព
ស្ថាប័នប្រតិបត្តិករដែលទទួលបន្ទុកគ្រប់គ្រង និងចាត់ចែងរបបថែទាំសុខភាពសង្គមមានភារកិច្ចរៀបចំកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាជនទូទៅ អំពីការថែទាំ និងការការពារសុខភាពតាមគ្រប់មធ្យោបាយ។ មុខងារនេះ ត្រូវអនុវត្តក្នុងរូបភាពបំពេញគ្នាទៅវិញទៅមកជាមួយកម្មវិធីជាតិរបស់ក្រសួងសុខាភិបាល។
ង. យន្តការត្រួតពិនិត្យការទូទាត់សេវាសុខាភិបាល
ដើម្បីចៀសវាងនូវទំនាស់ផលប្រយោជន៍ និងការគៃបន្លំនានាដែលអាចកើតមានឡើងនៅក្នុងប្រតិបត្តិការទូទាត់ថ្លៃសេវាសុខាភិបាលរវាងប្រតិបត្តិករ និងមូលដ្ឋានសុខាភិបាល រាជរដ្ឋាភិបាលនឹងសិក្សាអំពីលទ្ធភាពក្នុងការបង្កើតស្ថាប័នស្វយ័តមួយ ដើម្បីផ្ទៀងផ្ទាត់ និងត្រួតពិនិត្យលើរាល់សំណើសុំទូទាត់ថ្លៃសេវា (Claim Review) របស់មូលដ្ឋានសុខាភិបាល។ ភាពចាំបាច់នៃវត្តមានរបស់ស្ថាប័ននេះ គឺការកសាងជំនឿទុកចិត្តសាធារណៈ តាមរយៈការគ្រប់គ្រង និងចាត់ចែងមូលនិធិថែទាំសុខភាព ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ច. ការសិក្សាសមិទ្ធិលទ្ធភាពលើការធានារ៉ាប់រងបន្ត
ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចមានផលប៉ះពាល់ដល់ស្ថិរភាព និងចីរភាពនៃមូលនិធិថែទាំសុខភាពសង្គម រាជរដ្ឋាភិបាលនឹងសិក្សាលើជម្រើសក្នុងការដាក់ឲ្យមានការធានារ៉ាប់រងបន្តលើប្រតិបត្តិការថែទាំសុខភាពសង្គមនេះ ក្នុងកម្រិតសមស្របណាមួយទៅឲ្យគ្រឹះស្ថានធានារ៉ាប់រងឯកជន។ រាជរដ្ឋាភិបាលនឹងសហការជាមួយគ្រឹះស្ថានធានារ៉ាប់រងឯកជន ដើម្បីពិនិត្យលទ្ធភាពក្នុងការដាក់ឲ្យដំណើរការប្រតិបត្តិការនេះ ដោយឈរលើគោលការណ៍ទីផ្សារ។
ឆ. ការគ្រប់គ្រងមូលនិធិសមធម៌ និងមូលនិធិគន្ធបុប្ផា
ផ្អែកតាមយុទ្ធសាស្ត្រហិរញ្ញប្បទានសុខាភិបាល រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុងលើហិរញ្ញប្បទានទ្រទ្រង់មូលនិធិសមធម៌នាពេលអនាគត។ ដូច្នេះ រាជរដ្ឋាភិបាលនឹងដាក់ឲ្យការគ្រប់គ្រងមូលនិធិនេះស្ថិតនៅក្រោមការគ្រប់គ្រង និងចាត់ចែងរបស់ប្រតិបត្តិករសន្តិសុខសង្គមរួម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងសិក្សាអំពីលទ្ធភាពក្នុងការដាក់បញ្ចូលក្រុមប្រជាជន ដែលងាយរងគ្រោះមួយចំនួនទៀតដូចជា ជនពិការ ជនចាស់ជរា និងកុមារអាយុក្រោមប្រាំឆ្នាំឲ្យចូលជាសមាជិករបស់មូលនិធិសមធម៌ ជាបន្តបន្ទាប់ទៅតាមលទ្ធភាពនៃការទ្រទ្រង់បាននៃថវិកាជាតិ។
រាជរដ្ឋាភិបាលក៏នឹងសិក្សាអំពីទិដ្ឋភាពហិរញ្ញប្បទាន និងការគ្រប់គ្រងមូលនិធិគន្ធបុប្ផា ដើម្បីត្រៀមខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានមូលនិធិនេះទាំងស្រុងនៅពេលវេលាសមស្របណាមួយ។ នៅពេលនោះ ការគ្រប់គ្រងមូលនិធិនេះក៏នឹងត្រូវផ្ទេរឲ្យមកនៅក្រោមការគ្រប់គ្រងរបស់អ្នកទូទាត់តែមួយផងដែរ។
ជ. ការបង្កើនការចូលរួមពីមូលដ្ឋានសុខាភិបាលឯកជន
ដើម្បីពង្រីកការគ្របដណ្តប់ និងបង្កើនគុណភាពសេវាថែទាំសុខភាព ព្រមទាំង បង្កភាពងាយស្រួលក្នុងការទទួលបានសេវាថែទាំសុខភាពពីរបបថែទាំសុខភាពសង្គម រាជរដ្ឋាភិបាលនឹងជំរុញឲ្យមានការចូលរួមកាន់តែច្រើនពីសំណាក់មូលដ្ឋានសុខាភិបាលឯកជន ដើម្បីផ្តល់ជម្រើសបន្ថែមដល់ប្រជាជនក្នុងការចូលរួមនៅក្នុងប្រព័ន្ធថែទាំសុខភាពសង្គម។ រាជរដ្ឋាភិបាលនឹងរៀបចំឲ្យមានកញ្ចប់តាវកាលិករួម (Uniform Benefits Package) មួយដែលមានលក្ខណៈសមស្រប និងអាចទទួលយកបានពីសំណាក់មូលដ្ឋានសុខាភិបាលឯកជន។
ឈ. ការដាក់ឲ្យដំណើរការរបបថែទាំសុខភាពសម្រាប់ប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនក្រីក្រ
ដើម្បីឈានទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល រាជរដ្ឋាភិបាលនឹងធ្វើការសិក្សាអំពីលទ្ធភាពក្នុងការដាក់ឲ្យដំណើរការរបបថែទាំសុខភាពសង្គម សម្រាប់ប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈគោលការណ៍ចូលរួមដោយស្ម័គ្រចិត្តនៅក្នុងដំណាក់កាលដំបូង បន្ទាប់មក ពិនិត្យលទ្ធភាពក្នុងការបង្វែរទៅជារបបកាតព្វកិច្ច យោងទៅតាមស្ថានភាពជាក់ស្តែង។
២.២ ក្របខ័ណ្ឌហិរញ្ញវត្ថុ
ក. គោលការណ៍នៃការធ្វើហិរញ្ញប្បទានទ្រទ្រង់ប្រព័ន្ធថែទាំសុខភាព
រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការទ្រទ្រង់ហិរញ្ញវត្ថុ ក្រោមរូបភាពជាចំណាយបង់ភាគទានជំនួសឲ្យប្រជាជនក្រីក្រនិងងាយរងគ្រោះ។ ចំណែក ក្រុមប្រជាជនផ្សេងទៀត ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ត្រូវមានកាតព្វកិច្ចបង់ភាគទានតាមការកំណត់មួយជាក់លាក់។ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ហិរញ្ញប្បទានតាមការចាំបាច់ ចំពោះដំណើរការនៃមូលដ្ឋានសុខាភិបាលសាធារណៈដោយប្រើប្រាស់ថវិកាជាតិ ខណៈពង្រឹងជាបណ្តើរៗនូវស្វ័យភាព ប្រសិទ្ធភាព គណនេយ្យភាព និងស្ថិរភាពហិរញ្ញវត្ថុនៃមូលដ្ឋានសុខាភិបាល។
ខ. ការកំណត់អត្រាភាគទាន
ការកំណត់អត្រាភាគទានសម្រាប់របបថែទាំសុខភាពទាំងអស់ ត្រូវមានការសិក្សាផែ្នកហានិភ័យឲ្យបានត្រឹមត្រូវ និងត្រូវឈរលើគោលការណ៍ពិគ្រោះយោបល់សាធារណៈ ដើម្បីទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងស្ថាប័នរាជរដ្ឋាភិបាល តំណាងនិយោជក តំណាងនិយោជិត និងតំណាងប្រជាជនទូទៅ។
គ. ការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស
តម្រូវការនៃការប្រើប្រាស់សេវាសុខាភិបាលនឹងកើនឡើងជាលំដាប់ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ឲ្យដំណើរការរបបថែទាំសុខភាពសង្គមសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ។ តម្រូវការនេះ នឹងកាន់តែកើនឡើងថែមទៀតនៅពេលដែលប្រព័ន្ធថែទាំសុខភាពសង្គម ត្រូវបានពង្រីកវិសាលភាពទៅដល់ប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលខាងមុខ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ រាជរដ្ឋាភិបាលនឹងបង្កើនការវិនិយោគសាធារណៈទាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សក្នុងវិស័យសុខាភិបាលទៅតាមភាពទ្រទ្រង់បាននៃថវិកាជាតិ។
២.៣ ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ
ការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពសង្គម ទាមទារនូវក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិចាំបាច់សម្រាប់គ្រប់គ្រង និងកំណត់ស្តង់ដារប្រតិបត្តិការនៅក្នុងប្រព័ន្ធនោះ ជាពិសេស គឺការកំណត់តួនាទីរបស់ភាគីពាក់ព័ន្ធនឹងរបបថែទាំសុខភាពសង្គម កំណត់នីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ ប្រភពហិរញ្ញវត្ថុនិងអត្រាភាគទាន នីតិវិធីសម្រាប់កំណត់កញ្ចប់អត្ថប្រយោជន៍ និងកិច្ចការពារអតិថិជន ជាដើម។ ក្របខ័ណ្ឌច្បាប់ និងយន្តការអនុវត្ត ក៏ត្រូវគិតគូរផងដែរនូវភាពចាំបាច់នៃការបោះជំហានទៅរកការថែទាំសុខភាពសកល តាមរយៈការជំរុញការចូលរួមជាកាតព្វកិច្ចរបស់ប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនមែនក្រីក្រ ព្រមទាំង ដើម្បីកំណត់យន្តការធានាគុណភាព ការធ្វើសមាហរណកម្មប្រតិបត្តិករសន្តិសុខសង្គម និងការកំណត់តួនាទីបញ្ញត្តិករសមស្រប សំដៅធានាប្រតិបត្តិការដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនោះ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ ប.ស.ស ក៏នឹងត្រូវកែសម្រួល ដើម្បីអនុញ្ញាតឲ្យ ប.ស.ស ដើរតួជាស្ថាប័នប្រតិបត្តិកររួមក្នុងការគ្រប់គ្រងនិងចាត់ចែងរបបថែទាំសុខភាពសម្រាប់សមាជិកគោលដៅផ្សេងទៀត ដោយសារបច្ចុប្បន្ន ប.ស.ស មានអាណត្តិគ្រប់គ្រងនិងចាត់ចែងតែរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារប៉ុណ្ណោះ។
៣. ហានិភ័យការងារ
៣.១ របបហានិភ័យការងារសម្រាប់កម្មករនិយោជិត
រាជរដ្ឋាភិបាល នឹងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងរបបហានិភ័យការងារសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដើម្បីអនុញ្ញាតឲ្យកូននៅក្នុងបន្ទុកទទួលបានអត្ថប្រយោជន៍ពីរបបនេះ ទោះបីឪពុកឬម្តាយដែលជាសមាជិករបស់ ប.ស.ស ពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ហើយទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវិត។ ម្យ៉ាងវិញទៀត ការកែសម្រួលលិខិតបទដ្ឋាននេះក៏នឹងអនុញ្ញាតឲ្យកូនពិការដែលពុំមានលទ្ធភាពរកប្រាក់ចំណូល ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស រហូតអស់មួយជីវិត។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏នឹងដាក់បញ្ចូលសេវាបុននីតិសម្បទាបន្ថែម ទៅក្នុងកញ្ចប់តាវកាលិកសម្រាប់សមាជិករបស់ ប.ស.ស ផងដែរ។
៣.២ របបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ
ក្នុងរយៈកាលខ្លីចំពោះមុខ រាជរដ្ឋាភិបាលនឹងសិក្សារៀបចំឲ្យមានគោលការណ៍ និងស្តង់ដារច្បាស់លាស់សម្រាប់ការជួយទ្រទ្រង់ដល់មន្រ្តីសាធារណៈ ដែលរងគ្រោះដោយសារហានិភ័យការងារ។ នៅរយៈកាលមធ្យម ឬវែង រាជរដ្ឋាភិបាលនឹងរៀបចំឲ្យមានរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈឲ្យទទួលបានតាវកាលិកពេញលេញ បន្ថែមលើតាវកាលិកដែលអនុវត្តបច្ចុប្បន្នដើម្បីឲ្យមានសង្គតិភាពជាមួយរបបហានិភ័យការងារផ្សេងទៀត ជាពិសេស គឺបន្ថែមការថែទាំជំងឺវិជ្ជាជីវៈរ៉ាំរ៉ៃ ដែលត្រូវការព្យាបាលរយៈពេលវែង និងមានចំណាយខ្ពស់។ ក្នុងដំណាក់កាលនេះ ដើម្បីធានាបាននូវសង្គតិភាពរវាងរបបថែទាំសុខភាព និងរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ប.ស.ស ដែលជាស្ថាប័នមានជំនាញនិងបទពិសោធន៍ផ្នែកនេះ នឹងត្រូវទទួលគ្រប់គ្រងនិងចាត់ចែងរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈផងដែរ។
៤. និកម្មភាព
របបនិកម្មភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិតពីហានិភ័យក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលបាត់បង់ឱកាសការងារ។ របបនិកម្មភាពនេះ ដើរតួកាន់តែសំខាន់នៅក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ដែលត្រូវបានចាត់ទុកជាធាតុផ្សំមួយក្នុងការរក្សានូវលំនឹងសេដ្ឋកិច្ច និងភាពចលាចលនៅក្នុងសង្គមផងដែរ។ ដូច្នេះ រាជរដ្ឋាភិបាលនឹងធ្វើការសិក្សាឲ្យបានច្បាស់អំពីលទ្ធភាពនៃការដាក់ឲ្យដំណើរការរបបនេះ ទៅតាមស្ថានភាពនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ។
ក្រៅពីការសិក្សាអំពីលទ្ធភាពក្នុងការដាក់ឲ្យដំណើរការរបបនិកម្មភាពនេះ ការកសាងសមត្ថភាពមន្ត្រីជំនាញគឺជាកត្តាចាំបាច់មួយផងដែរដើម្បីត្រៀមខ្លួនទទួលយកការងារនេះ។ ផ្អែកតាមចរិតលក្ខណៈនៃរបបនិកម្មភាពនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាស្ថាប័ននាំមុខក្នុងការបំពេញការងារទាំងនេះ។ ដូច្នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកាតព្វកិច្ចទទួលបន្ទុកធ្វើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងដាក់ឲ្យដំណើរការរបបនេះ ជាមួយនឹងការបង្កើតឲ្យមានក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ដោយប្រឹក្សាយោបល់ជាមួយស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍន៍។
៥. ពិការភាព
៥.១ កំណែទម្រង់ការកំណត់អត្តសញ្ញាណរបស់ជនពិការ
ដើម្បីកំណត់អត្តសញ្ញាណជនពិការឲ្យបានគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាលនឹងកែសម្រួលយន្តការ និងនីតិវិធីក្នុងការកំណត់អត្តសញ្ញាណរបស់ជនពិការ ដោយផ្តល់អាទិភាពលើជនពិការក្រីក្រ តាមរយៈការលើកកម្ពស់សមត្ថភាពស្ថាប័ន ការកសាងសមត្ថភាពមន្រ្តីជំនាញ និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា ជាមួយការគ្រប់គ្រងទិន្នន័យឲ្យបានច្បាស់លាស់ជាដើម។
៥.២ ការកំណត់លក្ខខណ្ឌនៃការផ្តល់ការគាំពារ
ដើម្បីកាត់បន្ថយគម្លាតនៃការទទួលបានអត្ថប្រយោជន៍រវាងជនពិការ ដែលស្ថិតនៅក្នុងក្រុមគោលដៅផ្សេងៗគ្នា រាជរដ្ឋាភិបាលនឹងកំណត់ឡើងវិញនូវលក្ខខណ្ឌ និងយន្តការចាំបាច់នានា ដើម្បីធ្វើយ៉ាងណាផ្តល់អត្ថប្រយោជន៍ជូនជនពិការគ្រប់រូបប្រកបដោយសមធម៌។
៥.៣ ការជំរុញការចូលរួមវិភាគទានពីវិស័យឯកជន
រាជរដ្ឋាភិបាលនឹងសិក្សាលើលទ្ធភាពក្នុងការលើកទឹកចិត្តដល់វិស័យឯកជន ឲ្យចូលរួមបង់វិភាគទានសម្រាប់ទ្រទ្រង់មូលនិធិជនពិការ តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដូចជា ការបង់ភាគទានចូលមូលនិធិជនពិការត្រូវបានទទួលស្គាល់ជាចំណាយមុនបង់ពន្ធ (Tax Deductible Expense) ឬការលើកទឹកចិត្តផ្សេងទៀត។
៥.៤ ការបង្កើនគុណភាពស្តារលទ្ធភាពពលកម្មជនពិការ
រាជរដ្ឋាភិបាលនឹងជំរុញការបង្កើនគុណភាពនៃការស្តារលទ្ធភាពពលកម្មជូនជនពិការ ដូចជាបង្កើនប្រសិទ្ធភាពនៃការព្យាបាល និងពន្លឿនប្រក្រតីភាពជីវិតនៃជនពិការ ព្រមទាំង ពង្រឹងការអនុវត្តច្បាប់ការងារដើម្បីធានាឲ្យបាននូវសុវត្ថិភាពនៅកន្លែងធ្វើការ ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដែលបង្កឡើងដោយគ្រោះថ្នាក់ការងារ។ កត្តានេះ មិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃចំណាយថវិកាប៉ុណ្ណោះទេ ថែមទាំងអាចលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ជនពិការឲ្យកាន់តែប្រសើរឡើងផងដែរ។
៥.៥ ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ
រាជរដ្ឋាភិបាលនឹងជំរុញលើកទឹកចិត្តឲ្យជនពិការគ្រប់រូប ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់លទ្ធភាពឲ្យពួកគាត់អាចត្រឡប់ចូលបម្រើការងារវិញ ឬមានលទ្ធភាពក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួនថ្មី។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏នឹងបង្កើតកម្មវិធីស្វែងរកការងារធ្វើជូនជនពិការដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
៥.៦ ការធ្វើសមាហរណកម្មការគ្រប់គ្រងមូលនិធិជនពិការ
រាជរដ្ឋាភិបាលនឹងបង្វែរការគ្រប់គ្រង ម.ជ.ព ឲ្យស្ថិតនៅក្រោមប្រតិបត្តិករសន្តិសុខសង្គមរួម ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពចំណាយថវិកា ព្រមទាំង ផ្តល់លទ្ធភាពក្នុងការធ្វើសម្បទានឆ្លង ពីអតិរេកថវិការបស់របបផ្សេងៗ ដើម្បីទ្រទ្រង់ការលើកកម្ពស់សុខមាលភាពជនពិការឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនេះ ការបង្វែរការគ្រប់គ្រងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មឲ្យស្ថិតនៅក្រោមប្រតិបត្តិកររួម ផ្តល់លទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាស្តារលទ្ធភាពពលកម្មនេះសម្រាប់ជនពិការគ្រប់រូប ទាំងជនពិការដែលជាមន្ត្រីសាធារណៈ កម្មករនិយោជិតដែលបាត់បង់សម្បទាវិជ្ជាជីវៈនៅក្នុងពេលបម្រើការងារ និងជនពិការទូទៅទៀតផង។