អភិបាលកិច្ចប្រព័ន្ធគាំពារសង្គម


 ១.​ ទិដ្ឋភាពទូទៅ និងបញ្ហាប្រឈម

កន្លងមកបច្ចុប្បន្ន គោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ត្រូវបានដាក់ចេញដោយក្រសួង​-ស្ថាប័ន​​​រដ្ឋជាច្រើនទៅតាមមុខងារនិង​ភារកិច្ចរៀងៗខ្លួន។

ការរៀបចំគោលនយោបាយគាំពារសង្គមដោយឡែកពីគ្នារបស់ក្រសួង-ស្ថាប័ននីមួយៗ បង្ហាញ​ពីកង្វះខាតនូវយន្តការសម្របសម្រួលរួមមួយ។ កត្តានេះនាំឲ្យមានអសង្គតិភាព ភាពខ្វះចន្លោះ ឬភាពត្រួតស៊ីគ្នារវាងគោលនយោបាយនីមួយៗ ដែលមានផលប៉ះពាល់ជា​អវិជ្ជមានដល់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ទាំងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។

មិនតែប៉ុណ្ណោះ យន្តការតាមដាន និងត្រួតពិនិត្យអំពីប្រសិទ្ធភាពនៃការគ្រប់គ្រង ឬដំណើរការកម្មវិធីជាតិនីមួយៗក៏មិនទាន់មានវត្តមាននៅឡើយ ដែលនេះជាឧបសគ្គសម្រាប់ការវាស់ស្ទង់ផលិត​-ភាពនិងប្រសិទ្ធភាពនៃការវិនិយោគសាធារណៈរបស់រដ្ឋ ព្រមទាំង ផ្តល់ផលវិបាកផងដែរក្នុងការកំណត់​គោលនយោបាយអភិវឌ្ឍន៍​ជាបន្តបន្ទាប់​។

២. យុទ្ធសាស្ត្រ និងគោលដៅអនាគត

នៅចំពោះមុខបញ្ហាប្រឈម និងចំណុចខ្វះខាតលើរចនាសម្ព័ន្ធនៃការគ្រប់គ្រងប្រព័ន្ធគាំពារ​​សង្គមនេះ រាជរដ្ឋាភិបាលបានកំណត់នូវគោលដៅក្នុងការរៀបចំឲ្យមានប្រព័ន្ធគាំពារសង្គម ដែល​មានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព គ្របដណ្តប់ទាំងវិស័យសាធារណៈ និងឯកជន ដែល​ត្រូវមានការកំណត់ និងបែងចែកតួនាទីច្បាស់លាស់រវាង និងក្នុងកម្រិតនីមួយៗ ពោលគឺកម្រិតគោលនយោបាយ កម្រិតបញ្ញតិ្តករ និងកម្រិតប្រតិបត្តិករ។

៣.​ កម្រិតគោលនយោបាយ

ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែប្រសើរឡើង ព្រមទាំង ដើម្បីឆ្លើយ​តប​នឹងតម្រូវការបន្ស៊ីយុទ្ធសាស្រ្ត គោលនយោបាយ និងសកម្មភាពគាំពារសង្គមនានា រាជរដ្ឋាភិបាលនឹងបង្កើត “ក្រុមប្រឹក្សាជាតិគាំពារសង្គម” ដែលមានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្រប​សម្រួល និងតម្រង់ទិសជាយុទ្ធសាស្ត្ររួម លើ​ការងាររៀបចំគោលនយោបាយ​គាំពារសង្គមដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

៤. មុខងារនៃក្រុមប្រឹក្សាជាតិគាំពារសង្គម

ក្រុមប្រឹក្សាជាតិគាំពារសង្គម មានមុខងារ (១) សម្របសម្រួល​ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យមានលក្ខណៈ​ជាគោលនយោបាយ​រួមដើម្បី​​ដាក់ស្នើសុំការអនុម័ត​ពីប្រមុខរាជរដ្ឋាភិបាល (២) ពិនិត្យ និងតាមដានលើវឌ្ឍនភាព​ និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីជំរុញឲ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន មានសង្គតិភាព ប្រសិទ្ធភាព និង​សក្តិសិទ្ធិភាព និង (៣) ផ្សារភ្ជាប់ និងបន្ស៊ីប្រព័ន្ធជំនួយសង្គមជាមួយ​នឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បីធានាសង្គតិភាព និងបំពេញបន្ថែមសកម្មភាពចាំបាច់ នៅក្នុងចក្ខុវិស័យ​រួមនៃប្រព័ន្ធគាំពារសង្គម និងផ្តល់លទ្ធភាពសម្រាប់ការផ្ទេរក្រុមគោលដៅពីប្រព័ន្ធមួយទៅប្រព័ន្ធមួយទៀតនៅពេលដែលឱកាសផ្តល់ឲ្យ។

៥. កម្រិតនិយ័តករ

ខុសប្លែកពីកម្មវិធី និងសកម្មភាពនៃប្រព័ន្ធជំនួយសង្គម ដែលទទួលហិរញ្ញប្បទានពីថវិកាជាតិ ភាពជោគជ័យនៃប្រព័ន្ធសន្តិសុខសង្គម គឺអាស្រ័យលើទំនុកចិត្តរបស់អ្នកចូលរួមដែលបានបង់ភាគទាន។ ចំណុចនេះទាមទារឲ្យមានយន្តការត្រួតពិនិត្យ និងតាមដានជាទៀងទាត់ដើម្បីធានាថា ផលប្រយោជន៍របស់អ្នកចូលរួមក្នុងរបបនីមួយៗត្រូវបានរក្សា។ លើសពីនេះ ដំណើរការរបបសន្តិសុខសង្គមមានលក្ខណៈ​ស្មុគ​ស្មាញនិងហានិភ័យខ្ពស់ ដែលអាចជះឥទ្ធិពលដល់ស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ និងថវិកាជាតិ ព្រម​ទាំង សេដ្ឋកិច្ចជាតិទាំងមូល។ ដូច្នេះ រាជរដ្ឋាភិបាលនឹងបង្កើតនិយ័តករ​សន្តិសុខសង្គម ដើម្បី​គ្រប់​គ្រងនិង​ត្រួតពិនិត្យដំណើរការប្រព្រឹត្តទៅរបស់ស្ថាប័នប្រតិបត្តិករសន្តិសុខ​សង្គម​។ និយ័តករ​មាន​តួនាទី​ចម្បង​ក្នុងការតាមដានស្ថានភាពហិរញ្ញវត្ថុ កំណត់បទប្បញ្ញត្តិប្រុងប្រយ័ត្ន ស្តង់ដារ​ប្រតិបត្តិការ និងវិធានចាំបាច់​នានា ព្រមទាំង ត្រួតពិនិត្យអនុលោមភាពដើម្បីធានាថាប្រតិបត្តិការនៅក្នុងការផ្តល់សេវាសន្តិសុខ​​សង្គម​ប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងចីរភាពហិរញ្ញវត្ថុ។ ទន្ទឹមនេះ ការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់ ក៏ជាការទទួលខុសត្រូវ​របស់ស្ថាប័ននិយ័តករផងដែរ។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញការងារ និងដើម្បីចៀសវាងនូវការបង្កើតស្ថាប័នច្រើន និងរាយប៉ាយ ដែល​នាំឲ្យមានផលប៉ះពាល់ដល់ប្រសិទ្ធភាពនៃការចំណាយថវិកាជាតិ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារ​សង្គម នឹងបំពេញមុខងារបន្ថែមជាស្ថាប័ននិយ័តករដើម្បីតាមដាន គ្រប់គ្រង និងត្រួតពិនិត្យ​រាល់ប្រតិបត្តិការរបស់ប្រតិបត្តិករសន្តិសុខសង្គម។

៦. កម្រិតប្រតិបត្តិករ

គោលដៅចម្បងមួយនៃការធ្វើកំណែទម្រង់ប្រព័ន្ធគាំពារសង្គមនេះ គឺការរៀបចំឡើងវិញ​នូវរចនាសម្ព័ន្ធគ្រប់គ្រងរបស់ស្ថាប័នប្រតិបត្តិករ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងដើម្បីបង្កើនប្រសិទ្ធភាពចំណាយថវិកាផងដែរ។ តាមរយៈនេះ រាជរដ្ឋាភិបាលនឹងធ្វើការកែទម្រង់ស្ថាប័ន​ប្រតិបត្តិករ។

៧. ប្រតិបត្តិករជំនួយសង្គម

រាជរដ្ឋាភិបាលនឹងសិក្សាលើលទ្ធភាព​ក្នុងការបង្កើតមូលនិធិជំនួយសង្គម ដើម្បីគ្រប់គ្រង និងដាក់​ឲ្យដំណើរការកម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈជាកម្មវិធីឧបត្ថម្ភជាសាច់ប្រាក់។ ការបង្កើតមូលនិធិ​នេះ គឺជាការរៀបចំយន្តការសម្រាប់ការបោះជំហានទៅ​រកការធ្វើសមាហរណ​កម្មកម្មវិធីឧបត្ថម្ភ​​សាច់ប្រាក់ទាំងអស់ឲ្យទៅជាកញ្ចប់កម្មវិធីតែមួយនៅពេលអនាគតផងដែរ។

មូលនិធិជំនួយសង្គម ក៏ដើរតួយ៉ាងសំខាន់ផងដែរ​ក្នុងការរៀបចំយន្តការបំពេញការងារជាមួយថ្នាក់ក្រោមជាតិ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជំនួយសង្គមទាំងឡាយ ព្រមទាំង សម្របសម្រួល​លើការរៀបចំការគ្រប់គ្រងប្រព័ន្ធចុះបញ្ជី​សមាជិកឲ្យមានលក្ខណៈទូលំទូលាយ និងប្រមូល​ផ្តុំ។

៨. ប្រតិបត្តិករសន្តិសុខសង្គម

រាជរដ្ឋាភិបាល​នឹងធ្វើកំណែទម្រង់ស្ថាប័ន តាមរយៈការធ្វើសមាហរណកម្មស្ថាប័នប្រតិបត្តិករដែលមានស្រាប់ទាំងអស់ពោលគឺ ប.ជ.ស ប.ជ.អ ប.ស.ស និង ម.ជ.ព ឲ្យទៅជាស្ថាប័នតែមួយ។ ស្ថាប័នថ្មីនេះគឺជាគ្រឹះស្ថានសាធារណៈ ដែលមានមុខងារគ្រប់គ្រង និង​​​ចាត់​ចែងរបបសន្តិសុខ​សង្គមទាំង​អស់រួមមាន៖ សោធន ថែទាំសុខភាព ហានិភ័យការងារ ពិការភាព និងនិកម្មភាព។ល។

ការគ្រប់គ្រងរបស់ស្ថាប័នប្រតិបត្តិករសន្តិសុខសង្គមត្រូវអនុវត្តទៅតាមគោលការណ៍ជាមូលដ្ឋានដូចខាងក្រោម៖

          ក. ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ស្ថាប័នទាំងនេះ ត្រូវមានសមាសភាពមកពីស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមានតំណាងមកពីស្ថាប័នរដ្ឋ តំណាងនិយោជក និងតំណាងនិយោជិត ព្រមទាំងអាចមានតំណាង​​ស្ថាប័នផ្តល់សេវា​សុខាភិបាលផងដែរ។

          ខ. គណៈកម្មាធិការជំនាញ

គណៈកម្មាធិការជំនាញមួយចំនួន គួរត្រូវបង្កើតឡើងដើម្បីជំរុញប្រសិទ្ធភាពការងារ​រួមមាន៖ គណៈកម្មាធិការត្រួតពិនិត្យគុណភាពសុខាភិបាល គណៈកម្មាធិការ​វិនិយោគ គណៈកម្មាធិការសវនកម្ម ឬគណៈកម្មាធិការចាំបាច់ផ្សេងទៀត។

          គ. គោលការណ៍ប្រតិបត្តិ

ប្រតិបត្តិការរបស់ស្ថាប័ននេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍​អភិបាលកិច្ចល្អ។ ស្ថាប័ន ប្រតិបត្តិករត្រូវអនុវត្តទៅតាមគោលការណ៍ចម្បងមួយចំនួនដូចជា (១) ការរៀបចំបញ្ជិកា​​គណនេយ្យដោយអនុលោមតាមស្តង់ដារ (២) ការ​បង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង (៣) ការដាក់ឲ្យធ្វើសវនកម្មឯករាជ្យ​លើរបាយការណ៍ហិរញ្ញវត្ថុ (៤) ការផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ហិរញ្ញវត្ថុ និង (៥) ការដាក់ឲ្យមានការវាយ​តម្លៃឯករាជ្យលើប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ថវិកាភាគទាននៅរៀងរាល់ ៥ ឬ ១០ ឆ្នាំម្តង។

          ឃ. យន្តការធ្វើសម្បទានឆ្លង

រាជរដ្ឋាភិបាល នឹងសិក្សាសមិទ្ធិលទ្ធភាពលើការរៀបចំយន្តការ​ធ្វើសម្បទានឆ្លងរវាង​របប​ ឬ​កម្មវិធី​នីមួយៗ (លើកលែងរបបសោធន) ដើម្បីប្រើប្រាស់ធនធាននៃរបប ឬកម្មវិធីដែលមានអតិរេកថវិកាមក​​ជួយស្រោចស្រង់របប ឬកម្មវិធីដែលមានឱនភាពថវិកា ក្នុងគោលដៅជៀសវាងការទម្លាក់បន្ទុកទាំង​ស្រុង​មកលើថវិកាជាតិនៅពេលដែលរបបណាមួយមានឱនភាពថវិកា។ ការធ្វើសម្បទានឆ្លងនេះចាំបាច់​ត្រូវគិតគូរដល់ចីរភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុនៃរបប ឬកម្មវិធីដែលពាក់ព័ន្ធ និងជៀសវាង​នូវការកើតមាននូវហានិភ័យចិត្តសាស្រ្តចំពោះរបបឬកម្មវិធីទាំងនោះ។

ឯកសារយោង៖ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម