ក្រុមប្រឹក្សាជាតិគាំពារសង្គម


ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែប្រសើរឡើង ព្រមទាំងដើម្បីឆ្លើយ​តប​នឹងតម្រូវការបន្ស៊ីយុទ្ធសាស្រ្ត គោលនយោបាយ និងសកម្មភាពគាំពារសង្គមនានា រាជរដ្ឋាភិបាលបានបង្កើត “ក្រុមប្រឹក្សាជាតិគាំពារសង្គម”។ ក្រុមប្រឹក្សានេះ មានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្រប​សម្រួល និងតម្រង់ទិសរួមលើ​ការងាររៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយ​គាំពារសង្គម។

ដើម្បីធានានូវការបំពេញភារកិច្ចសម្របសម្រួលពហុវិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវបានបង្កើតឡើងដោយមានសមាសភាពជាឥស្សរជនមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ដែលរួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍​វិស័យកសិកម្មនិងជនបទ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​ផែនការ ក្រសួងយុត្តិធម៌ និងក្រសួងមុខងារ​សាធារណៈ

ក្រុមប្រឹក្សាជាតិគាំពារសង្គម មានអគ្គលេខាធិការដ្ឋានមួយដែលទទួលភារកិច្ចលើការប្រតិបត្តិការងារប្រចាំថ្ងៃ ដែលមានឈ្មោះថា “អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម” ដែលត្រូវបានបង្កើតឡើងក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យោងអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើតគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

យោងព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៤៨៨ ចុះថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវមានសមាសភាព និងរចនាសម្ព័ន្ធដូចខាងក្រោម៖

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយស
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធាន
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធាន
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុប្រធាន
អនុប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អនុប្រធាន
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាជិក
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក
រដ្ឋមន្ត្រី​ ឬរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ សមាជិក
១០ រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី សមាជិក
១១ រដ្ឋមន្ត្រី​ ឬរដ្ឋលេខាធិការក្រសួងផែនការ សមាជិក
១២ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
១៣ រដ្ឋលេខាធិការក្រសួងការពារជាតិ សមាជិក

ឯកសារយោង៖

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម