អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម សរសេរជាអក្សរកាត់ថា «អ.ប.ប.» ជាសេនាធិការរបស់ គណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម។
អ.ប.ប. មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
- រៀបចំ ពិនិត្យ និងអនុវត្តគោលនយោបាយ គម្រោង ផែនការសកម្មភាព និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគាំពារសង្គមឌីជីថល ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម។
- ដឹកនាំ សហការ និងសម្របសម្រួលការធ្វើសុខដុមនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។
- រៀបចំ អភិវឌ្ឍ និងអនុវត្តប្រព័ន្ធបើកផ្តល់អត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលទៅប្រជាជន ស្របតាមនិម្មាបនកម្មរួម និងមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។
- ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍថ្នាលគាំពារសង្គមឌីជីថល និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម គាំទ្រដល់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។
- រៀបចំ អនុវត្ត និងវាយតម្លៃបទដ្ឋាន និងស្តង់ដាបច្ចេកទេសរួម សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការកំណត់អត្តសញ្ញាណ ការបើកផ្តល់អត្ថប្រយោជន៍ និងផ្តល់សេវាគាំពារសង្គម។
- ដឹកនាំ សហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ រៀបចំ និងដាក់ឱ្យដំណើរការមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល។
- រៀបចំ និងលើកកម្ពស់ការយល់ដឹង និងការកសាងសមត្ថភាពដល់ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម។
- រៀបចំ អភិវឌ្ឍ និងអនុវត្តយន្តការដោះស្រាយវិវាទ និងបណ្តឹងនៃសេវាគាំពារសង្គមឌីជីថល។
- រៀបចំរបាយការណ៍វឌ្ឍនភាពការអនុវត្ត ជូនគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្គម និងរាជរដ្ឋាភិបាល
- អនុវត្តភារកិច្ចផ្សេងទៀត តាមការចាត់តាំងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម៕
ឯកសារយោង៖