ប្រព័ន្ធជំនួយសង្គម


ប្រព័ន្ធជំនួយសង្គមត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់​ប្រជាជនក្រីក្រនិងងាយរងគ្រោះ ទន្ទឹមនឹងការពង្រឹងសមត្ថភាពរបស់ពួកគាត់ឲ្យរក្សាបាននូវស្ថិរភាពប្រាក់ចំណូល ក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងខ្លាំង។

កម្មវិធីនានាក្នុងប្រព័ន្ធជំនួយសង្គម គាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា ដែលរួមមាន៖ កំណើនប្រកប​ដោយបរិយាប័ន្ន ការកាត់បន្ថយភាពក្រីក្រ និងពិពិធកម្មសេដ្ឋកិច្ច។ វត្តមានរបស់ប្រព័ន្ធជំនួយសង្គម រួមចំណែកក្នុងការជំរុញកំណើនផលិតភាពក្នុងសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្តូរជីវភាពរបស់ប្រជាជនក្រីក្រនិងងាយរងគ្រោះ ទៅជាប្រជាជនដែលមានចំណូលសមរម្យ​ ពោលគឺការបង្វែរក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធ។ កត្តានេះ ក៏ផ្តល់​ផលវិជ្ជមានផងដែរដល់ស្ថិរភាពនៃថវិកាជាតិ និងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម តាមរយៈលទ្ធភាពនៃការបង់ពន្ធ​ជូនរដ្ឋ និងលទ្ធភាពក្នុងការបង់ភាគទានចូលក្នុងមូលនិធិសន្តិសុខសង្គម។

កម្មវិធីក្នុងប្រព័ន្ធជំនួយសង្គម ផ្តោតលើការផ្តល់ការគាំពារដល់ប្រជាជនក្រីក្រនិងងាយរងគ្រោះ ដែល ក្នុង​នោះត្រូ វបានបែងចែកជាបីក្រុមរួមមាន (១) ប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ (២) ប្រជាជនរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ ដែលមានការប្រឈមខ្ពស់ពេលមានវិបត្ដិ និង (៣) ប្រជាជន​ដែលងាយរងគ្រោះ ដែលរួមមាន៖ ទារកនិងកុមារ ស្ត្រីមានផ្ទៃពោះ គ្រួសារដែលខ្វះអាហារូបត្ថម្ភ ជនពិការ និងជនចាស់ជរាគ្មានទីពឹង។

យុទ្ធសាស្ត្រ និងគោលដៅអនាគតក្នុងការពង្រឹងការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម ត្រូវបានបែងចែកទៅតាមផ្នែកចំនួន ៤​ ដូចខាងក្រោម៖

១. ការឆ្លើយតបនឹងគ្រោះអាសន្ន

ការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស គឺជាកត្តាចម្បងដែលត្រូវពង្រឹង ដើម្បីត្រៀមខ្លួន​ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាដែលនឹងកើតមានឡើងជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល នឹងបន្តពង្រឹងសមត្ថភាពប្រព័ន្ធស្បៀងបម្រុងកម្រិតជាតិ។

រាជរដ្ឋាភិបាលនឹងសិក្សាអំពីលទ្ធភាពក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលមានលក្ខណៈ​ទូលំទូលាយ ដើម្បីកំណត់ឲ្យបានច្បាស់នូវអត្តសញ្ញាណប្រជាជនក្រីក្រនិងងាយរងគ្រោះ តាមរយៈ​ការតភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងអត្ត​សញ្ញាណជនក្រីក្រ និងជាបន្តបន្ទាប់អភិវឌ្ឍទៅជាប្រព័ន្ធចុះបញ្ជីរួមសម្រាប់គ្រួសារក្រីក្រនិងងាយរងគ្រោះ។

២. ការអភិវឌ្ឍមូលធនមនុស្ស

         ២.១ កម្មវិធីគាំពារស្ត្រីមានផ្ទៃពោះ និងកុមារ

រាជរដ្ឋាភិបាលនឹងសិក្សារៀបចំដាក់ឲ្យដំណើរការកម្មវិធីគាំពារស្ត្រីមានផ្ទៃពោះនិងកុមារ​ ដែលផ្តោតលើការលើកកម្ពស់អាហារូបត្ថម្ភក្នុងកម្រិតថ្នាក់ជាតិ ផ្អែកលើលទ្ធផលនៃគម្រោងសាកល្បងបច្ចុប្បន្ន។ សមាសធាតុ​សំខាន់នៃការរៀបចំដាក់ឲ្យដំណើរការកម្មវិធីនេះ គឺការកំណត់ស្ថាប័នអនុវត្ត ដោយបែងចែក តួនាទី និង​ការទទួលខុសត្រូវឲ្យបានច្បាស់​លាស់ រួមទាំង ការកសាងសមត្ថភាព។

កម្មវិធីនេះនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅក្នុងខេត្តអាទិភាពមួយចំនួន (ខេត្តដែល​មានបញ្ហា​​កង្វះ​អាហារូបត្ថម្ភខ្លាំងជាងគេ) នៅដំណាក់កាលដំបូង។ យន្តការវាយតម្លៃអំពីប្រសិទ្ធភាពនៃការ​អនុវត្ត កម្មវិធីនេះនឹងត្រូវបានរៀបចំឡើង ហើយលទ្ធផលនៃការវាយតម្លៃនេះ ក៏នឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការពង្រីកវិសាលភាពអនុវត្តនៅតាមបណ្តាខេត្តដទៃទៀត រហូតទូទាំងប្រទេស។

លើសពីនេះ ដើម្បីគាំពារសុខភាពមាតា និងទារក រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការទ្រទ្រង់ និងលើកទឹកចិត្តចំពោះស្រ្តីមានផ្ទៃពោះ ជាពិសេសស្រ្តីក្នុងគ្រួសារក្រីក្រ ដើម្បីឲ្យពួកគេអាចទទួលបានការប្រឹក្សាយោបល់ និងការពិនិត្យផ្ទៃពោះសមស្រប។

         ២.២ កម្មវិធីផ្តល់អាហារនៅតាមសាលារៀន

រាជរដ្ឋាភិបាលនឹងរៀបចំផែនការសកម្មភាព និងពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីត្រៀម​ខ្លួនក្នុងការទទួលយកនូវការគ្រប់គ្រង និងធ្វើហិរញ្ញប្បទានសម្រាប់ទ្រទ្រង់​កម្មវិធីនេះនៅឆ្នាំ២០២១ ដែលជាចក្ខុវិស័យបានកំណត់រួចហើយនៅក្នុង​ “ផែន​ទីបង្ហាញផ្លូវស្តីពីកម្មវិធីផ្តល់អាហារតាមសាលារៀន”។ ប៉ុន្តែមុននឹងបន្ត និងពង្រីកកម្មវិធីនេះ ចាំបាច់ត្រូវមានការវាយតម្លៃនៅលើការអនុវត្តបច្ចុប្បន្ន ព្រមទាំងការសិក្សាឲ្យបានច្បាស់លាស់នូវយន្តការគ្រប់គ្រង និងភាពទ្រទ្រង់បាននៃថវិកា ដើម្បីធានាប្រសិទ្ធភាពនៃកម្មវិធី។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងជំរុញការដាក់ឲ្យដំណើរការកម្មវិធីផ្តល់អាហារ​នៅតាមសាលារៀនដោយប្រើប្រាស់បន្លែដែលដាំនៅតាមផ្ទះ ដើម្បីបង្កើនគុណភាពអាហារូបត្ថម្ភសម្រាប់​កុមារ។

         ២.៣ កម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា

រាជរដ្ឋាភិបាលនឹងរៀបចំគោលនយោបាយជាតិស្តីពីអាហារូបករណ៍ ដើម្បីកំណត់អំពីយន្តការ​សម្រាប់ការគ្រប់គ្រង និងផ្តល់អាហារូបករណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់នៅគ្រប់កម្រិតសិក្សា ដើម្បីលើកទឹកចិត្តដល់កុមារមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ឲ្យចុះឈ្មោះចូលរៀនបានទាន់ពេលវេលា ព្រមទាំង ជំរុញឲ្យ​ពួក​គេបន្តការសិក្សារហូតចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលជាកត្តាចាំបាច់ដើម្បីកាត់ផ្តាច់ការផ្ទេរភាពក្រីក្រពីជំនាន់មួយទៅជំនាន់មួយ។

៣. ការបណ្តុះបណ្តាលវិជ្ជាជីវៈ

រាជរដ្ឋាភិបាលនឹងបង្កើន និងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យកាន់តែទូលំ​-ទូលាយ ជាពិសេស តាមរយៈការផ្តោតលើការពង្រីកកម្មវិធីស្ពានចម្លងបន្តជំនាញ  សម្រាប់យុវជនដែលស្ថិតនៅក្រៅប្រព័ន្ធអប់រំផ្លូវការ និងកម្មវិធីបណ្តុះបណ្តាលជំនាញតាមលិខិត​បញ្ជាក់ (Voucher Skills Training Program – VSTP) សម្រាប់ប្រជាជនក្រីក្រនៅតាមជនបទ ដើម្បីទទួលយកវគ្គបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្រ។

រាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីទ្រទ្រង់ការបណ្តុះបណ្តាល​វិញ្ញាបនបត្រកម្រិត ១-៣ ជូនដល់យុវជនក្រីក្រ និងស្ត្រីនៅក្នុងវិស័យអាទិភាព ដូចជា៖ វិស័យសំណង់ ជួស​ជុលគ្រឿងចក្រ ព័ត៌មានវិទ្យា កម្មន្តសាល និងអគ្គិសនី ជាដើម។

លើសពីនេះ ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងទីផ្សារការងារ រាជរដ្ឋាភិបាលក៏​នឹង​គិតគូរផងដែរអំពីការផ្តល់លទ្ធភាពជូនយុវជនដែលស្ថិតក្នុងកម្លាំងពលកម្មស្រាប់ ដើម្បីអាចទទួលបាន​ការបំពាក់បំប៉នក្នុងការបង្កើនជំនាញ និងបទពិសោធន៍របស់ខ្លួនថែមទៀត។

ដើម្បីពង្រឹងប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈទាំងឡាយ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រូវមានយន្តការតាមដាន និងវាយតម្លៃសមស្រប។

៤. សុខុមាលភាពរបស់ប្រជាជនងាយរងគ្រោះ

         ៤.១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជនពិការ

រាជរដ្ឋាភិបាលនឹងបន្តការដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជនពិការ ដែ​ល​​​បានកំណត់នៅក្នុងអនុក្រឹត្យស្តីពីរបបគោលនយោបាយចំពោះជនពិការ​ក្រីក្រនៅតាមសហគមន៍។ កម្មវិធី​នេះនឹងត្រូវដាក់ឲ្យអនុវត្តសម្រាប់ជនពិការដែលជាសមាជិកនៃគ្រួសារក្រីក្រ ដែលកាន់កាប់បណ្ណសមធម៌។

អត្ថប្រយោជន៍ និងលក្ខខណ្ឌនៃកម្មវិធីនេះនឹងត្រូវកំណត់ដោយផ្អែកលើលទ្ធភាព​ទ្រទ្រង់នៃថវិ​​កាជាតិ។ ការរៀបចំយន្តការកំណត់អត្តសញ្ញាណរបស់ជនពិការ គឺជាកត្តាចាំបាច់​ដើម្បីធានា​បាននូវប្រសិ​ទ្ធភាពនៃការផ្តល់អត្ថប្រយោជន៍តាមរយៈកម្មវិធីនេះ។

         ៤.២ កម្មវិធីគាំពារជនចាស់ជរា

រាជរដ្ឋាភិបាលនឹងសិក្សាអំពីលទ្ធភាពក្នុងការដាក់ឲ្យដំណើរការកម្មវិធីគាំពារជនចាស់ជរា ដែល​ជាសមាជិកនៃគ្រួសារដែលកាន់កាប់បណ្ណសមធម៌។ អត្ថប្រយោជន៍ និងលក្ខខណ្ឌនៃកម្មវិធីនេះនឹងត្រូវកំណត់ដោយផ្អែកលើលទ្ធភាព​ទ្រទ្រង់នៃថវិកាជាតិ។

កម្មវិធីនេះនឹងត្រូវសិក្សាដាក់ឲ្យដំណើរការជាកម្មវិធីកញ្ចប់គ្រួសារ (Family Package) រួម​ជាមួយនឹងកម្មវិធីគាំពារស្ត្រីមានផ្ទៃពោះ និងកុមារ ។

ឯកសារយោង៖ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម